សភាពបញ្ញា ជាសភាពពន្លឺ
អោយអ្វីក៏មិនមានតម្លៃស្មើនឹងការពន្យល់មនុស្សអោយមានបញ្ញាដែរ។ ស្អីទៅបញ្ញា? គឺជាការគិតយល់នូវដំណើរធម្មជាតិ កាន់តែគិតពីធម៌ ឬកាន់តែគិតពីដំណើរធម្មជាតិ កាន់តែយល់ទៅៗក្នុងខួរក្បាលកាន់តែភ្លឺទៅៗ ភ្លឺណាក្មួយ គឺភ្លឺ គឺធម្មជាតិពន្លឺ ដឹងថាអ្វីខុសគឺជាដំណើរនាំសត្វទៅកាន់ទុគ្គតិភព ហើយដឹងថាស្អីត្រូវគឺជាដំណើរនាំសត្វទៅកាន់សុគតិភព។ នេះគឺសព្វទានំ ធម្មទានំ ជិនាតិ គ្មានការអោយទានណាប្រសើរថ្លៃថ្លាជាងការពន្យល់អោយមនុស្សកើតបញ្ញាទេ គឺការយល់ធម៌ ឬយល់ដំណើរធម្មជាតិនេះឯង។ មនុស្សមិនបានដឹងពីសភាពនៃការគិតយល់ដំណើរធម្មជាតិនៅក្នុងខួរក្បាលយើងមានសភាពដូចម្តេចឡើយ ព្រោះគ្រោងវិញ្ញាណរបស់ចិត្តក្នុងអត្ថិភាពជាមនុស្សគឺកម្លាំងធាតុដីទឹកភ្លើងខ្យល់។ កម្លាំងធាតុទាំងបួននេះហើយដែលធ្វើអោយចិត្តដឹងដំណើរធម្មជាតិត្រូវរាំងស្ទះមិនអោយយល់ដំណើរធម្មជាតិបាន ដែលព្រះពុទ្ធហៅដំណើររាំងស្ទះការដឹងដំណើរធម៌ក្នុងអត្ថិភាពជាមនុស្សនេះថា«អវិជ្ជា»។ ការយល់ដំណើរធម្មជាតិនេះទូលាយទៅៗ ជ្រៅទៅៗគឺបញ្ញា ក្នុងសភាពពិត បញ្ញាជាសភាពភ្លឺ គឺជាពន្លឺ។ពូដឹងសភាពរបស់បញ្ញានេះនៅពេលដែលពូឃើញគ្រោងវិញ្ញាណរបស់ពូ ឃើញពន្លឺពណ៌ខៀវ ភ្លឺខ្លាំងណាស់ ហើយពន្លឺនេះ ពេលដែលសង្ខារដែលជាកម្លាំង ពូយកសតិទៅចុចផ្តាច់យ៉ាងម៉េចក៏មិនដាច់ តែពេលវាអូសកាត់ពន្លឺត្រង់ចុងចិញ្ចើមរបស់ពូ ពូឃើញសង្ខារដាច់ ក្លាយជាកំទិចលឿងដូចកំទិចធូបមុនគេយកមកធ្វើធូប ពេលនោះពូយល់ហើយ ការគិត ឬកម្លាំងបញ្ញាដែលបានគិតសញ្ជឹងក្នុងចិត្តនៅកំហុសឆ្គងដែលខ្លួនបានធ្វើមានសភាពចិត្តគ្រលុកគ្រលាក់បែបម៉េច គឺចិត្តរបស់ខ្លួនស្គាល់ទំហំនៃកំហុសរបស់ខ្លួន ហើយយល់ថាត្រូវធ្វើម៉េចដើម្បីលុបលាងសមតាមទោសកំហុសរបស់ខ្លួនដោយឥតលម្អៀងមកខ្លួនឯង នោះសង្ខារដែលយើងបានធ្វើដោយចេតនាអាក្រក់លើគេត្រូវបានរួចទោស តើក្មួយៗយល់ទេ? មនុស្សយើងពេលដែលធ្វើកំហុសលើអ្នកណាមួយដែលខ្លួនយើងបានដឹង ហៅថាចិត្តយើងខូចគឺយើងបានធ្វើសង្ខារជាកម្លាំងហើយអាសវៈដែលជាកម្លាំងធាតុមានសភាពបែបម៉េចនៅក្នុងចិត្ត មានន័យថាចិត្តយើងជាមនុស្សមានធម៌ច្រណែនឈ្នានីស គំនុំជាដើម សូម្បីតែដង្ហើមដង្ហក់គ្រលុកគ្រលាក់របៀបម៉េច ក្នុងពេលដែលយើងធ្វើសង្ខារដោយចិត្តខូចនោះ ពេលវារលាមកគឺមានសភាពដូចគ្នាឥតខ្ចោះ សង្ខាររលាថយក្រោយ អាសវៈកិលេសដែលជាកម្លាំងធាតុច្រណែនឈ្នានីស គំនុំ ខ្ចប់វិញទៅជាមួយសង្ខារពេលសាង រួមទាំងដង្ហើមពេលយើងកំពុងសាងមានសភាពដង្ហក់បែបម៉េច គឺលាមកមានសភាពបែបហ្នុងទាំងអស់ ឥតមានខ្វះចន្លោះឬលើសបន្តិចណាឡើយ។ ត្រង់នេះហើយតួបញ្ញាដែលមានពន្លឺយល់ពីសភាពគ្រលុកគ្រលាក់នៃចិត្តណារបស់យើង នៅពេលដែលបានសាងកំហុសទៅលើគេនោះ យើងមានការឈឺចាប់ទៅតាមទំហំគ្រលុកគ្រលាក់នៃចេតនារបស់យើងដែលខូច នោះសង្ខារទាំងអស់នោះត្រូវកាត់ផ្តាច់ពុំមានកម្មពារឡើយ តើក្មួយៗគិតយល់ត្រង់ចំណុចនេះទេ? មិនមែនសុំទោសគេ ដើម្បីបង្រ្គប់កិច្ចនោះឡើយ គឺចិត្តស្គាល់ ភាពបត់បែនគ្រលុកគ្រលាក់នៃចេតនារបស់ខ្លួន និងអាសវៈកិលេសដែលរុំទៅជាមួយនឹងចេតនានៅពេលដែលយើងបានសាងកំហុសទៅលើគេនោះ គឺយើងដឹងច្បាស់បែបហ្នឹងគឺបញ្ញាប្រាប់យើង ពេលនោះយើងឈឺចិត្ត យើងដឹងកំហុស យើងដឹងថាត្រូវធ្វើម៉េចអោយសមនឹងកំហុសរបស់យើងហើយ ពេលដែលយើងបានធ្វើទង្វើអោយសមនឹងកំហុសរបស់យើងរួចហើយ ទោះគេមិនអត់ឳនឬអត់ឳនក៏ដោយ នោះជារឿងរបស់គេទេ ជាការទទួលខុសត្រូវរបស់គេទេ ជាចេតនារបស់គេទេ ជាសង្ខារដែលគេសន្សំទុកទេ តែយើងបានផ្តាច់សង្ខាររួចហើយ ចិត្តយើងមានឥស្សរភាពហើយ នេះគឺចិត្តរួចទោស មានតែបញ្ញាទេដែលប្រាប់យើងពីចំណុចនេះ អញ្ចឹងហើយបានជាពូឃើញពន្លឺពណ៌ខៀវនៅត្រង់ប្រជុំចិញ្ចើមពូ អាចផ្តាច់សង្ខារបាននៅពេលសង្ខារនោះបានហូរកាត់ពន្លឺបញ្ញារបស់ពូនោះ ព្រះពុទ្ធសំដែងថា គ្មានពន្លឺអ្វីស្មើនឹងពន្លឺបញ្ញាទេ តើក្មួយបានយល់អ្វីដែលពូបានពន្យល់នេះទេ? សព្វទានំ ធម្មទានំ ជិនាតិ នេះគឺការបង្រៀនមនុស្សអោយកើតបញ្ញាហើយណាក្មួយ សូមក្មួយៗរីករាយនឹងជីវិតដែលរួចទោសមនសិការរបស់ក្មួយ!សូមចិត្តក្មួយមានឥស្សរភាពនៅក្នុងជីវិតរបស់ក្មួយៗចុះ៕
ដោយ : Khem Veasna
No comments