THE SOURCE FROM FACEBOOK
១. មនុស្សម្នាក់ៗ គឺជាបងប្អូននឹងគ្នា តែដោយសារតែការទាស់ទែងគ្នា ដោយសារតែអវិជ្ជា ដោយសារតែគ្មានចំណេះដឹង ដោយសារតែមិនយល់ពីគ្នា ដោយសារតែប្រយោជន៍ ដោយសារតែចិត្តអាត្មានិយម ទើបធ្វើឱ្យយើងរស់នៅដាច់ពីបងដាច់ពីប្អូន។ ក្នុងគ្រួសារ បងអាចទាស់ទែងនឹងប្អូនដោយសារទ្រព្យសម្បត្តិ។ ក្នុងសង្គមរកស៊ី មនុស្សអាចទាស់ទែងគ្នាដោយសារតែចែកប្រយោជន៍គ្នាមិនស្មើ។ ចំពោះយុវជនដែលមានចំណេះថ្នាក់ទ្រឹស្តី គឺអាចទាស់ទែងគ្នាដោយសារតែគំនិតរៀងៗខ្លួន។ នៅពេលណាដែលយើងមានចិត្តចាស់ទុំមែនទែន យើងនឹងមើលលទ្ធផលជាក់ស្តែង ច្រើនជាងទ្រឹស្តី ច្រើនជាងគំនិត ច្រើនជាងវិធីសាស្រ្ត ច្រើនជាងចរិតមនុស្ស ច្រើនជាងបញ្ហាទាស់ទែងបន្តិចបន្តួចដែលមិនចាំបាច់។ ខ្ញុំសុំអនុញ្ញាតយកសុភាសិតខ្មែរមកភ្ជាប់បន្តិចដែលថា “វៀចធ្វើកង់ ត្រង់ធ្វើកាំ” ដែលពាក្យអប់រំនេះ គឺចង់បង្រៀនឱ្យយើងចេះធ្វើការជាមួយគ្នា ចេះស្គាល់តួនាទីខ្លួនឯង និងចេះដាក់ខ្លួនឯងឱ្យត្រូវតាមកន្លែងដ៏ត្រឹមត្រូវ។ ឈើត្រង់ ត្រូវធ្វើកាំ រីឯឈើវៀចត្រូវធ្វើកង់ តែកុំយកឈើវៀចធ្វើកាំ ហើយយកឈើត្រង់ធ្វើកង់។ ខ្ញុំទទួលស្គាល់ថាគ្មានបុគ្គលណាម្នាក់ល្អគ្រប់ដប់ទេ សូម្បីតែខ្ញុំខ្លួនឯង ខ្ញុំដឹងខ្លួនច្បាស់ថាខ្ញុំអន់កន្លែងណា ឬខ្សោយកន្លែងណា។ សម្រាប់អ្នកមានចរិតចាស់ទុំ មានលក្ខណៈជាមនុស្សជាក់ស្តែងនិយម គឺគេមើលលើលទ្ធផលចុងក្រោយ។ រីចំពោះអ្នកមានចំណេះដឹងច្រើន គឺគេលែងមើលលើចំណេះដឹងទៀតហើយ តែគេមើលលើចរិតលក្ខណៈ សីលធម៌ សុជីវធម៌ និងការធ្វើប្រយោជន៍ដល់ជនដទៃ។
២. ក្រៅពីនេះ ចំណេះដឹងនឹងគ្មានតម្លៃអ្វីទាំងអស់ បើសិនជាយើងពុំចេះសម្គាល់ចិត្តខាងក្នុងរបស់អ្នកចេះដឹងថាល្អឬអាក្រក់។ តើយើងនឹងគោរពមនុស្សមានចំណេះដឹងខ្ពស់ តែចិត្តខាងក្នុងស្មោកក្រោគ ឬយកចំណេះដឹងទៅធ្វើទង្វើថោកទាប ឬទេ? អត្ថបទនេះ ខ្ញុំនឹងសាកល្បងចែករំលែកពីការជាប់គាំងនៃលទ្ធផល ថា “យើងជាប់គាំង មិនទៅមុខ មិនទៅដល់លទ្ធផលជាក់ស្តែង” នៅត្រង់ចំណុចណា? អ្វីដែលពិបាកបំផុត គឺពិបាកបង្រៀនមនុស្សម្នាក់ឱ្យចេញពីហ្វូងដែលគាំទ្រគ្នាតកន្ទុយ។ អ្នកខ្លះនៅក្បែរអ្នកខ្សោយៗ ហើយខ្លួនជាសត្វតោក្នុងចំណោមចៀម។ មនុស្សម្នាក់អាចខ្លាំងក្នុងចំណោមអ្នកខ្សោយជាច្រើន ហើយបើចង់ណែនាំ ឬបង្រៀនមនុស្សបែបនេះ គឺជារឿងដ៏កម្រនិងលំបាកបំផុត។ ជាក់ស្តែង សម្តីមិនអាចឈ្នះភាពជាគំរូទេ។ ការបង្រៀនមនុស្សដ៏ល្អបំផុត គឺបង្រៀនតាមរយៈសកម្មភាព បង្រៀនតាមរយៈលទ្ធផល ដ្បិតវាល្អជាងទ្រឹស្តី ជាពិសេសមនុស្សដែលមិនងាយជឿ មានការពិចារណាខ្ពស់ គឺកម្រនឹងជឿដោយងាយៗនូវគំនិតណាមួយរបស់នរណាម្នាក់ណាស់ ទោះគំនិតនោះត្រឹមត្រូវក៏ដោយ។ អ្នកខ្លះជាបុគ្គលងាយនឹងរៀនសូត្រ ឆាប់ចេះឆាប់ដឹង ងាយនឹងទទួលយក ហើយបុគ្គលបែបនេះមិនពិបាកបង្រៀនទេ។ មនុស្សអាចរស់ព្រោះចំណេះ ហើយក៏អាចស្លាប់ព្រោះចំណេះដែរ។ យើងអាចទៅមុខព្រោះចំណេះ ហើយក៏អាចរាំងស្ទះព្រោះចំណេះដែរ។ តើអ្វីជាភាពជាប់គាំងមិនឱ្យយើងទៅមុខ?
៣. ខ្ញុំមិនលើកទឹកចិត្តឱ្យយុវជនខ្លះជាប់គាំងនឹងទ្រឹស្តី ជជែកដោយគ្មានលទ្ធផលជាក់ស្តែងទេ ដ្បិតឥរិយាបថនេះ វាងាយនឹងបង្កជម្លោះនឹងគ្នា។ ចំណេះដឹងថ្នាក់តក្កវិជ្ជា គឺមានលក្ខណៈសាហាវត្រង់ថា “ចង់បកស្រាយបត់បែន ឬបំភាន់ដានអ្នកគិតបែបណាក៏បានដែរ” ព្រោះសំខាន់ឱ្យតែយើងមានសមត្ថភាពគិតខ្ពស់ និងមានទឡ្ហីករណ៍ច្បាស់លាស់។ ប៉ុន្តែក្នុងលោកយើងនេះ វាមានរឿងដែលគិតហើយត្រឹមត្រូវជាច្រើន តែដល់ពេលធ្វើសកម្មភាពជាក់ស្តែងវិញ វាទៅជាមិនអាចបានផលក៏មាន។ អ៊ីចឹងហើយ តើជាប់គាំងកន្លែងណា? ទ្រឹស្តីពុទ្ធសាសនាបានបែងចែកបញ្ញាជា ៣ថ្នាក់។ បញ្ញាបានមកពីការរៀនសូត្រពីអ្នកដទៃ ឬការស្តាប់ ដែលយើងហៅថា “សុត្តមយបញ្ញា”។ បញ្ញាដែលបានមកពីការពិចារណាឃើញដោយខ្លួនឯង ដែលយើងហៅថា “ចិន្តាមយបញ្ញា”។ បញ្ញាដែលកើតចេញពីការពិសោធឃើញជាក់ស្តែងដោយខ្លួនឯង ដែលយើងហៅថា “ភាវនាមយបញ្ញា”។ កាលណានិយាយពី “ភាវនាមយបញ្ញា” គឺយើងត្រូវសម្គាល់ត្រង់ថា “វាគឺជាបញ្ញាដែលកើតចេញពីការបដិបត្តិធម៌ជាក់ស្តែង ពិសោធឃើញជាក់ស្តែងដោយខ្លួនឯង ហើយបញ្ញានេះគឺពុំមែនបានមកដោយសារតែការអានសៀវភៅ ឬការឭអ្នកដទៃនិយាយពីចំណេះដឹង ដែលជាបញ្ញាថ្នាក់សុត្តមយបញ្ញា, ឬការសញ្ជឹងគិតដោយគ្មានការពិសោធជាក់ស្តែង ដែលស្ថិតក្នុងបញ្ញាថ្នាក់ចិន្តាមយបញ្ញាទេ។ ពុទ្ធភាសិតបានលើកឡើងថា “បញ្ញាជាពន្លឺភ្លឺក្នុងលោក។ បញ្ញារមែងកើតព្រោះការហ្វឹកហាត់”។ បញ្ញាដែលកើតពីការហ្វឹកហាត់ជាក់ស្តែងនេះ គឺជាបញ្ញាដែលនាំចិត្តឱ្យរួចរដោះ មានចិត្តឥស្សរៈ ឬវិមុត្តិចិត្ត។
៤. នេះជាលំដាប់នៃដំណាក់កាលនីមួយៗរបស់បញ្ញា ដែលបញ្ញាទី១ អាចមិនពិត ព្រោះបានត្រឹមតែស្តាប់ ឬរៀនសូត្រពីគេ ឬយើងហៅថាជាចំណេះដឹងខ្ចីពីអ្នកដទៃ (ខ្វះការពិចារណា និងពិសោធ)។ បញ្ញាទី២ អាចមិនពិត ព្រោះវាត្រឹមតែជាការគិត និងការយល់ឃើញ ដែលកើតចេញពីការពិចារណាដោយខ្លួនឯងបែបអត្តនោម័តិ ឬអាចនិយាយថា បើត្រឹមត្រូវ ក៏ត្រឹមត្រូវក្នុងថ្នាក់តក្កវិជ្ជា ដែលមិនទាន់ឈានដល់ការពិសោធជាក់ស្តែងដោយខ្លួនឯងដែរ ។ បញ្ញាទី៣ គឺអាចពិតសម្រាប់ខ្លួនយើង ព្រោះយើងបានហ្វឹកហាត់ដោយខ្លួនឯង បានពិសោធឃើញដោយខ្លួនឯង ហើយលទ្ធផលជាក់ស្តែងរបស់យើង គឺយើងទទួលបានចិត្តសន្តិភាព ឬវិមុត្តិចិត្តពីបញ្ញាថ្នាក់ចម្រើនភាវនានេះ។ ដល់ដំណាក់កាលនេះ យើងនឹងចាប់បានធម៌មួយទៀត គឺធម៌មិនប្រមាថ ព្រោះការពិសោធចិត្តត្រង់កន្លែងនេះ គឺម្នាក់ៗដែលដល់ចំណុចនេះ តែងមានបទពិសោធខុសៗគ្នា រសជាតិផ្សេងពីគ្នា ហើយមិនអាចថាអ្នកដទៃខុស ឬយើងត្រូវ ឬអ្នកដទៃត្រូវ ឬយើងខុសឡើយ។ តើយុវជនយើងមួយចំនួនជាប់នៅកន្លែងណា? អ្នកខ្លះអះអាងថាអ្វីដែលខ្លួនបានយល់ គឺត្រឹមត្រូវ ហើយអ្វីដែលអ្នកដទៃយល់ គឺមិនត្រឹមត្រូវឡើយ។ គ្រូអញត្រូវ គ្រូអ្នកដទៃខុស។ បែបនេះក៏ឈ្លោះគ្នា ហើយជាប់គាំងត្រឹមបញ្ញាថ្នាក់ទី១ គឺសុត្តមយបញ្ញា (មិនពិត ព្រោះមិនទាន់ឈានដល់ថ្នាក់ពិសោធឃើញដោយខ្លួនឯង)។ អ្នកខ្លះទៀតជាប់គាំងត្រឹមការពិចារណាត្រឹមត្រូវតាមបែបឡូហ្ស៊ីក (Logic) យល់ថាអ្វីដែលខ្លួនគិត គឺត្រឹមត្រូវ ព្រោះវាជាក់ស្តែង ហើយអ្នកដទៃមិនត្រឹមត្រូវទេ។ ការគិតរបស់អញត្រូវ ព្រោះអញបានរៀនច្រើន បានគិតច្រើន ហើយក៏ជាប់គាំងត្រឹមបញ្ញាថ្នាក់ទី២ គឺចិន្តាមយបញ្ញា (មិនទាន់ដល់ថ្នាក់ពិសោធ)។
៥. ចំពោះអ្នកខ្លះទៀត រំជើបរំជួលនឹងចំណេះដឹងផង និងរំជើបរំជួលពីសន្តិភាពចិត្តដែលរួចរដោះផង ហើយក៏កើតចិត្តប្រមាថថា “មានតែអញទេ ដែលត្រូវដាច់គេ ព្រោះចំណេះខួរក្បាល ក៏អញមាន ចិត្តដែលរួចរដោះ ក៏អញមាន” ហើយអញមានគ្រប់គ្រាន់ហើយ។ នេះជាអ្វីដែលបានមកពីបញ្ញាចុងក្រោយ ជាភាវនាមយបញ្ញា តែគ្រប់គ្រងខ្លួនមិនបាន។ ពីលំដាប់មួយនៃបញ្ញា ទៅលំដាប់មួយទៀតនៃបញ្ញា គឺវាតែងធ្វើឱ្យយើងជាប់គាំងរហូត ស្ទើរតែមិនដល់ចំណុចគោលដៅ។ យុវជនយើងខ្លះ ឈ្លោះគ្នាតាំងពីចេញដំណើរលើកដំបូង ឬអ្នកខ្លះឈ្លោះគ្នាក្នុងបញ្ញាថ្នាក់គំនិត ឬអ្នកខ្លះឈ្លោះនៅត្រង់ការពិសោធឃើញទៀតផង។ អ្នកទ្រឹស្តីមានច្រើន តែអ្នកពិសោធឃើញដល់គោលដៅ គឺកម្រ។ យើងឈ្លោះប្រកែកគ្នានៅត្រង់ថ្នាក់ទ្រឹស្តី។ ខ្ញុំមិនមែនមិនលើកទឹកចិត្តឱ្យឈ្លោះទេ តែគ្មានទ្រឹស្តីឯណាឈ្នះលទ្ធផលជាក់ស្តែងឡើយ។ ខុសឬត្រូវ គឺត្រូវចាំមើលលទ្ធផលជាក់ស្តែង ទើបសុក្រឹតជាង។ បើនិយាយគ្នាមិនស្តាប់ គឺមានតែធ្វើឱ្យគ្នាមើល ដោយកុំនិយាយអ្វីទាំងអស់។ ធម្មជាតិមនុស្សដែលមានចំណេះដឹងថ្នាក់ទ្រឹស្តីនេះ គឺមានចិត្តចចេស ព្រោះចិត្តមិនបានអប់រំឱ្យល្អ។ ក្នុងស្ថានភាពប្រកួតប្រជែងឈ្នះចាញ់ តើអ្នកដែលមានចិត្តចចេស មានលក្ខណៈបែបណា? ការប្រកួតប្រជែងថ្នាក់ទ្រឹស្តី ជាពិសេសកម្រិតក្នុងបរិវេណតក្កវិជ្ជា គឺមនុស្សមានសមត្ថភាពស្វែងរកទឡ្ហីករណ៍ និងទ្រឹស្តីគ្រប់គ្រាន់ក្នុងការប្រកួតគ្នា តាមរយៈធ្វើឱ្យគំនិតសមហេតផល។ នេះជាអំណាចនៃខួរក្បាលដែលមានទិន្នន័យ ការគិតល្អ ការវិភាគខ្ពស ចិត្តសាស្រ្តជ្រៅ និងមានព័ត៌មានគ្រប់គ្រាន់។ មិនត្រឹមតែប៉ុណ្ណោះ គឺស្ថិតនៅលើខ្លាំងខ្សោយ ដ្បិតអ្នកណាពូកែជាង គឺស្មើនឹងខ្លាំង តែអ្នកណាខ្សោយ គឺប្រាកដជាចាញ់ ដែលប្រៀបដូចជាសង្គមសត្វអ៊ីចឹង។ តើសង្គមសត្វយ៉ាងណា?
៦. ខ្ញុំនឹងលើកយកល្បើកមួយ ដែលនិទានពី “ស្លឹកត្រចៀកទន្សាយ (The Hare and his Ears)” និយាយពីសឹង្ហត្រូវរបួសមួយក្បាល។ សឹង្ហដែលមិនដឹងត្រូវម្រឹគណាវាយប្រហារឱ្យរបួសទេ, វាក៏បញ្ញាត្តិឱ្យសត្វមានស្នែងទាំងឡាយចេញពីព្រៃដែលជាទីឋានវាគ្រប់គ្រង។ ដោយកំហឹងផង ដោយការឈឺចាប់ផង សឹង្ហបានបណ្តេញសត្វពពែញីឈ្មោល គោឡើងក ក្ដាន់ ប្រើស រមាំង...ឱ្យចេញពីព្រៃជាបន្ទាន់។ និយាយពីទន្សាយមួយក្បាល ដោយហេតុថាភ័យខ្លួន ក៏បានចេញពីព្រៃដូចនឹងសត្វមានស្នែងដទៃទៀតដែរ។ ពពែសួរថា “បងសភាទន្សាយ តើបងចេញធ្វើអ្វី បើបងគ្មានស្នែងផង?” ទន្សាយតបថា “ស្នែងនិងស្លឹកត្រចៀករបស់ខ្ញុំ វាដូចតែគ្នាទេ ពីព្រោះបើម្រឹគចង់ដាក់ទោសខ្ញុំ គឺវានឹងចោទថាស្លឹកត្រចៀករបស់ខ្ញុំ គឺជាស្នែងមិនខាន”។ និទាននេះ ខ្ញុំគ្រាន់តែចង់បង្ហាញអំណាចនៃអ្នកមានចំណេះដឹងតក្កវិជ្ជាពូកែ ដ្បិតបើចង់ចោទអ្នកណាម្នាក់ថាខុស គឺនឹងរកវិធីចោទដ៏ត្រឹមត្រូវ ហើយឡូហ្ស៊ីកទៀតផង។ សរុបចុងក្រោយ គោលបំណងនៃអត្ថបទនេះ គឺចង់ឱ្យយុវជនយើងប្រឹងប្រែងរៀនសូត្រ ផ្អាកការឈ្លោះទាស់ទែងក្នុងករណីមិនចាំបាច់ ជាពិសេសបើជម្លោះមិនមានប្រយោជន៍ ឬត្រឹមតែជាប្រយោជន៍អាត្មានិយម។ ផ្ទុយទៅវិញ ចូរប្រឹងប្រែងរៀនសូត្រ រហូតអាចប្រើប្រាស់ចំណេះដឹងឱ្យក្លាយទៅជាលទ្ធផលជាក់ស្តែង។ កាត់បន្ថយជម្លោះថ្នាក់គំនិត ឬថ្នាក់ទ្រឹស្តី តែសាបព្រោះសកម្មភាព និងលទ្ធផលជាក់ស្តែង។ អត្ថបទនេះសម្រាប់ពិចារណា ដ្បិតបើខុស គឺជាការទទួលខុសត្រូវរបស់ស្មេរ៕
No comments