News

ថ្មីៗ

របៀបលត់ដំកូនអោយត្រូវ៖



ដំបូងដំផុតត្រូវស្គាល់អោយបានផ្លូវរបស់ជីវិត។ តើស្លាប់កើតយ៉ាងម៉េច? ជីវិតវាបន្តទៅណាទៀត ហើយបញ្ចប់ត្រឹមណា? នេះគឺធម៌។ បន្ទាប់ពីកំណត់ផ្លូវជីវិតដើរបានហើយទើបដឹងថាពេលបច្ចុប្បន្ន ជីវិតត្រូវធ្វើអ្វីអោយត្រឹមត្រូវ ឬអោយចេញជាប្រយោជន៍សម្រាប់ជីវិត ហើយបើជាអ្នកដឹកនាំប្រទេស ពេលយល់ធម៌ហើយទើបយល់ដឹងត្រូវថារៀបចំជីវិតអោយគេទាំងអស់គ្នារស់បែបណាទៅហៅថាត្រឹមត្រូវទៅកើតនោះ។
រឿងពិត គឺជីវិតមិនមែនត្រូវរស់តែក្នុងលោកិយនៃមនុស្សប៉ុណ្ណោះទេ ប៉ុន្តែជីវិតនេះត្រូវធ្វើដំណើរក្នុងផ្លូវដ៏វែងរាប់ពាន់លានឆ្នាំ ហើយជីវិតខ្លះផ្ទុះផែនដីច្រើនដងទម្រាំទៅដល់គោលដៅបានដឹងខ្លួនថាខ្លួន គឺជាកម្លាំង ព្រះអរហន្ត នេះជាគោលដៅទីបំផុត។ ការយល់ដឹងត្រូវ ឬការយល់ដឹងធម៌ ឬការយល់ដឹងអំពីផ្លូវជីវិតដើរហៅថាសម្មាទិដ្ឋិ។ បើយើងបានដឹងផ្លូវនៃជីវិតដើរបែបនេះហើយ ក្នុងនាមយើងជាឪពុកម្តាយនៃពួកកូនៗ តើយើងត្រូវអប់រំពួកវាយ៉ាងម៉េច ទើបហៅថាស្រលាញ់កូនដែលត្រឹមត្រូវនោះ?
រាល់ទង្វើទាំងអស់ណា សកម្មភាពទាំងអស់ណា សំភារៈទាំងអស់ណាដែលផ្តល់ទៅអោយក្មេង ហើយដែលធ្វើអោយក្មេងកើតមានភាពអាត្មានិយម មោទនភាពនឹងជីវិតវា កើតចិត្តមើលងាយអ្នកដទៃ សប្បាយវក់វីគឺសុទ្ធតែជាផ្លូវខុសទាំងអស់។
ខួបកំណើតអោយកូន ប្រាប់អោយកូនប្រឹងរៀនដោយដោះដូរនឹងរង្វាន់បែបនេះ ឬបែបនោះ មិនអោយគេប៉ះកូនដោយមានចិត្តយល់ថាគេនោះអន់ជាងកូនខ្លួន ទិញសំភារៈអោយកូនព្រោះចង់អោយកូនស្អាតលើសគេ ចង់អោយកូនខ្ពង់ខ្ពស់ជាងគេ។ល។ សុទ្ធតែទង្វើរុញទម្លាក់កូនដោយចិត្តស្រឡាញ់បែបឆ្កួតតែប៉ុណ្ណោះ។ តើក្មួយៗគិតយល់ពីអ្វីដែលពូនិយាយនេះទេ?
ត្រូវដែលត្រូវគឺត្រូវអោយកូនខ្ពង់ខ្ពស់ រឹងមាំបានជាទីពឹងដល់មនុស្សផងគ្នាទើបហៅថាត្រូវ ត្រូវគឺត្រូវ ត្រូវគឺបែបហ្នឹង។ ការចង់អោយកូនខ្ពង់ខ្ពស់ដើម្បីជាទីពឹងតែក្នុងគ្រួសារ ហើយនិងជាទីពឹងរបស់គ្រួសារវាក្នុងថ្ងៃអនាគតគឺជាការសម្លាប់កូនទាំងរស់ មានន័យថាជីវិតកូននៅរស់ទេ តែម្តាយឪពុកបានសម្លាប់ខ្សែជីវិតកូន មានន័យថាឪពុកម្តាយបានរុញខ្សែជីវិតកូនអោយសំយ៉ុងក្បាលចុះក្រោមទៅក្នុងទុគ្គតិភពដោយសេចក្តីស្រឡាញ់ដ៏ងងឹតងងុលរបស់ខ្លួន។ នេះគឺឪពុកម្តាយអកត្តញ្ញូ។
ពូនៅចាំសម្តីម៉ែពូអត់ភ្លេចទេនៅក្នុងមនោរម្មណ៍។ គាត់បាននិយាយថាឪកូនឯងបានបង្រៀនម៉ែតាមសៀវភៅគតិលោកថា <<កូនកត្តញ្ញូទាញវង្សត្រកូលដែលថោកទាបអោយឡើងមកខ្ពស់បាន ហើយគាត់និយាយថាប្តីគាត់មានលក្ខណៈជាប្តីផង ជាអ្នកមានគុណផង និងជាគ្រូផង>> មនោគាត់អាចបែងចែកអារម្មណ៍ណាដាច់ពីអារម្មណ៍ណាបាន។
ពូសូមពញ្ញាក់អារម្មណ៍ក្មួយៗថាសត្វសោយទាំងអស់ពុំមានសំបកជាសាច់ទេព្រោះសំបកនេះធ្វើពីកម្លាំងនៃធាតុ ឯគ្រោងវិញ្ញាណធ្វើពីកម្លាំងដែលមើលមិនឃើញប៉ះត្រូវមិនបានដូច្នេះសត្វសោយទាំងនោះយល់គ្នាបានតាមសញ្ញាទ្វារមនោ ត្រង់នេះក្មួយយល់ទេ ស្រមៃឃើញទេ? ក្មួយយល់បានតាមមនោរម្មណ៍ទេ? បើគ្មានរូបដែលកើតមកពីកម្លាំងនៃធាតុវាប្រៀបដូចគេបកសំបកសាច់មនុស្សចេញផុតពីគ្រោងវិញ្ញាណហើយពេលនោះគ្រោងវិញ្ញាណនៅកណ្តាលវាលហើយ លាក់អារម្មណ៍ខូច ឬអារម្មណ៍ល្អរបស់ខ្លួនលែងបានហើយ សត្វនៅក្នុងថ្នាក់ជាមួយគ្នាមើលឃើញចិត្តរបស់សត្វដទៃទៀតគឺចាប់សញ្ញាចិត្តរបស់សត្វដទៃទៀតបានយ៉ាងច្បាស់ លែងបន្លំគេបានដូចជាទៅចែកអំណោយយកមកបង្ហោះក្នុងហ្វេសប៊ុក សត្វក្នុងថ្នាក់ជាមួយគ្នាចាប់សញ្ញាដឹងថាមិនមែនអោយទេ គឺចង់បានមុខមាត់ទេ ពាក្យស្រួលស្តាប់គឺថាស្រាតខោបង្ហាញគូទកណ្តាលវាលហើយ ចិត្តអ្នកខូច និងចិត្តអ្នកល្អមិនបាច់សម្តែងទៀតទេ អ្នកណាចិត្តយ៉ាងម៉េច សត្វដទៃចាប់សញ្ញាដឹងយ៉ាងច្បាស់ ចិត្តអោយ ឬចិត្តខ្វាយខ្វល់នឹងសុខទុក្ខរបស់អ្នកដទៃ ឬចិត្តចង់បានមុខមាត់មកខ្លួនឯង ចិត្តចង់ឡើងឋានសួគ៌បានទៅធ្វើពិធីបុណ្យ សត្វដទៃបានដឹងយ៉ាងច្បាស់ព្រោះគ្មានសំបកសាច់ឈាមដូចមនុស្សនៅគ្របបាំងគ្រោងវិញ្ញាណទេ ដូច្នេះបានជាពូរំលឹកហើយរំលឹកទៀតអោយក្មួយមើលចេតនារបស់ខ្លួនអោយមែនទែន តើជាចេតនាអោយ ចេតនាសង្គ្រោះ ចេតនាបុណ្យ ឬក៏ចេតនាដើម្បីខ្លួនឯង ចេតនាចង់បានមុខមាត់ខ្លួនឯង ចេតនាឈ្នានីស ចេតនាបំបាក់គេ បង្ខូចគេ គឺ ជាចេតនាបាប? ពូសុំនិយាយពីសត្វក្នុងថ្នាក់ខ្ពស់ ពេលចិត្តនោះសម្ងំក្នុងរូបកាយមនុស្ស ចិត្តដែលបានអោយបានជួយគេ ជួយមនុស្សដែលចិត្តយល់ថាមានតម្លៃ គួរទទួលបានការជួយពីខ្លួន ចិត្តនោះសប្បាយខ្លាំងណាស់ ហើយពេលចិត្តនោះបានទទួលការលះបង់ពីអ្នកដទៃខ្លួនស្ទង់ដឹងថានេះគឺជាការលះបង់ដ៏ខ្ពង់ខ្ពស់មិនគិតពីរបស់ដែលគេអោយនោះទេ ខ្លួនកក់ក្តៅខ្លាំងណាស់ ពេលចិត្តនេះប្តូរទៅជាគ្រោងវិញ្ញាណក្នុងថ្នាក់ខ្ពស់ សប្បាយតែនឹងអោយ បានអោយសប្បាយ ហើយបានទទួលចិត្តអោយរបស់គេ ចិត្តខ្លួនមានភាពកក់ក្តៅ តើក្មួយៗចាប់សញ្ញាចិត្តត្រង់នេះបានដែរឬទេ?
សត្វក្នុងថ្នាក់ខ្ពស់ សម្គាល់សញ្ញាចិត្តបានលឿនណាស់ ពេលមកជាមនុស្ស វាយតម្លៃមនុស្សតែតាមទឹកចិត្តប៉ុណ្ណោះ ទឹកចិត្តលះបង់ខ្លួនបានទទួលមានអារម្មណ៍ស្កប់ស្កល់ណាស់ (អារម្មណ៍កក់ក្តៅ គឺជាអារម្មណ៍ស្កប់ស្កល់កើតពីការពាល់ត្រូវការលះបង់) ហើយបានអោយអ្វីទៅមនុស្សដែលសមនឹងអោយមានអារម្មណ៍ថាបាន មិនមែនអោយទៅមានអារម្មណ៍ថាអស់ទេ អោយគេហើយគឺមានអារម្មណ៍ថាបានណាក្មួយ! នេះគឺជាចិត្តសត្វក្នុងថ្នាក់ខ្ពស់ បង្រៀនកូនត្រូវ គឺបង្រៀនធម៌អោយកូនយល់គឺបង្រៀនផ្លូវដើរជីវិតត្រូវដើរអោយកូនបានស្គាល់។ រាល់ទង្វើដែលនាំអោយកូនភ្លើតភ្លើន ជាប់នឹងរឿងលោកិយរបស់មនុស្សនេះ លោកធម៌ទាំង៨គឺជាការរុញកូនអោយដាំក្បាលចុះក្រោមទាំងអស់។
ពូនៅចាំពាក្យម៉ែរបស់ពូនិយាយប្រាប់ពូថា <<កូនលេងកុនតែផលិតកម្មយើងបានហើយ កុំសម្តែងកុនអោយផលិតកម្មណាអោយសោះ ហើយគាត់និយាយថាពួកអ្នករាំច្រៀងអស់ហ្នឹង មុខតែធ្លាក់នរកមិនខានទេព្រោះពង្វក់ពង្វីគេអោយពុលលែងស្គាល់អ្វីៗទាំងអស់គិតតែពីសប្បាយ>> ពូស្តាប់ពាក្យគាត់ហើយមិនយល់ទេ ប៉ុន្តែឥឡូវពូយល់ច្បាស់ហើយ ចិត្តពូមិនចូលចិត្ត មិនសប្បាយនឹងរឿងទាំងអស់នេះដែរ ប៉ុន្តែពូមិនយល់ថាហេតុអ្វីម៉ែគាត់មានអារម្មណ៍ដូច្នេះ ហើយគាត់និយាយប្រាប់ពូដូច្នេះ។ ចិត្តយើងគ្រប់គ្នាត្រូវអណ្តែតរសាត់វិលវល់រាប់ម៉ឺនលានឆ្នាំក្នុងភាពជាយើង មិនផ្លាស់ប្តូរពីយើងទេ ហើយយើងមកវក់វីពុលនឹងរឿងសិល្បៈរាំច្រៀងសប្បាយថែមទាំងនាំខ្លួនអោយធ្លាក់ចុះទុគ្គតិភពព្រោះរឿងហ្នឹងទៀតផង តើត្រូវទេ?
ដូច្នេះការអោយកូនមើលសិល្បៈទាំងអស់នេះហើយធ្វើអោយចិត្តរបស់កូនអត់នឿយណាយថែមទាំងជាប់ជំពាក់នឹងរឿងខុសទាំងនេះ តើត្រូវទេ? តើនេះឬស្រឡាញ់កូន? ឪពុកម្តាយដែលអកត្តញ្ញូមិនស្គាល់គុណទោស ខុសត្រូវ មិនយល់ធម៌គឺផ្លូវជីវិតដែលចិត្តត្រូវដើរតែងតែរុញកូនដែលខ្លួនស្រឡាញ់អោយសំយ៉ុងក្បាលចុះយ៉ាងនេះឯង។
ស្រឡាញ់កូនដោយភ្លឺស្វាង ស្គាល់ធម៌ គ្រប់ពេលទាំងអស់ត្រូវទាញកូនអោយនៅក្នុងគន្លងធម៌ ទិញអ្វីអោយកូន ទិញរបស់អោយកូនសប្បាយត្រូវពន្យល់ប្រាប់វាអោយយល់យ៉ាងមាំទាំថាកូនឃើញទេ កូនបានរបស់ទាំងអស់នេះដោយក្តីស្រឡាញ់របស់ប៉ាម៉ាក់ណា ប៉ាម៉ាក់និយាយនេះ មិនមែនចង់អោយកូនស្រឡាញ់តែប៉ាម៉ាក់ទេ ប៉ុន្តែប៉ាម៉ាក់ចង់អោយផ្លូវចិត្តរបស់កូន មនោរម្មណ៍របស់កូនបានទទួលដឹងថាវាមិនមែនជារបស់ទេ ប៉ុន្តែជាក្តីស្រឡាញ់ដែលប៉ាម៉ាក់មានចំពោះកូន តើកូនមានមើលឃើញថាកូនមានសំណាង ហើយកូនអ្នកដទៃទោះម៉ែឪមានប៉ុនណាក៏ដោយ ប៉ុន្តែគេមិនបានពន្យល់កូនអោយយល់ពីទំហំទឹកចិត្តនេះទេ ហើយម្យ៉ាងវិញទៀត កូនសម្លឹងដល់កូនអ្នកខ្វះខាត ពួកគេគ្មានឱកាសបានរបស់ទាំងនេះលេងដូចកូនទេ តើកូនអាណិតពួកគេទាំងអស់គ្នានោះទេ ពួកគេជាក្មេង ពួកគេក៏ចង់បានរបស់លេងដូចកូនអញ្ចឹងដែរ តើក្នុងដួងចិត្តរបស់ពួកគេដែលចង់បានហើយមិនបាន តើចិត្តនោះស្រេកឃ្លានយ៉ាងណា? ពេលមើលឃើញរបស់កូនកាន់។ តើដួងចិត្តរបស់ក្មេងៗទាំងអស់ហ្នឹងគេមានអារម្មណ៍ថាម៉េច? ហើយបើកូន មានលទ្ធភាពបង្កើតរបស់ទាំងអស់នេះអោយច្រើនដើម្បីអោយពួកគេបានសប្បាយ តើកូនសប្បាយចិត្តទេ?
កូនមានឱកាសចូលហាង ហូបរបស់ឆ្ងាញ់ៗ កូនមើលក្មេងៗអ្នកក្រ ក្នុងចិត្តកូនដឹងពីការស្រេកឃ្លានរបស់ពួកគេទេ? កុំមានអារម្មណ៍អញនៅបាំងណាកូន? កូនឃ្លាន គេក៏ឃ្លានដែរ កូនឆ្ងាញ់គេក៏ឆ្ងាញ់ដែរ កូនសប្បាយគេក៏សប្បាយដែរ មនុស្សដូចគ្នាណាកូន ហេតុអ្វីកូនស្ទង់ចិត្តគេឃ្លានមិនបានដូចតែកូនឃ្លានអញ្ចឹងដែរណា? កូនយល់អារម្មណ៍នេះទេ?
កូនមានសំណាងណាស់ដែលកូនកើតមកចំម្តាយឪពុកមានលទ្ធភាពបែបនេះហើយចេះពន្យល់ធម៌ ពន្យល់ផ្លូវជីវិតដល់កូនបែបនេះ ឱ! កូនប្រុសស្រីបណ្តូលចិត្តអើយ បើប៉ារាកូនប្រុសស្រីអើយ កូនពឹងអ្នកណា? មនុស្សដូចគ្នាណាកូន កូនឈឺគេក៏ឈឺដែរ កូនសប្បាយគេក៏សប្បាយដែរ បើកូនជួយគេអោយបានសប្បាយ តើកូនសប្បាយទេ? នេះជាចិត្តសត្វក្នុងថ្នាក់ខ្ពស់ តើក្មួយៗយល់ទេ?
ធម្មជាតិនេះយុត្តិធម៌ណាស់ ចិត្តមនុស្សដែលល្អ ដែលសម្ងំយករួចតែខ្លួនមិនបាន ដែលឃើញទុក្ខរបស់អ្នកដទៃ ឈឺចាប់ដូចតែទុក្ខរបស់ខ្លួន សប្បាយនឹងបានជួយមនុស្សដែលមានតម្លៃ ហើយបើកម្លាំងខ្លួនត្រូវជួយមនុស្ស គឺបានកាន់តែច្រើន នោះយល់ថាខ្លួនយល់ត្រូវ មនុស្សតែម្នាក់សោះ តែជួយមនុស្សបានក្នុងទ្រង់ទ្រាយធំ តើផ្លូវនេះត្រូវទេ?
សព្វទានំ ធម្មទានំ ជិនាតិ គ្មានការអោយណាប្រសើរជាងការអោយមនុស្សយល់ត្រូវ យល់ធម៌ ឬយល់ផ្លូវជីវិតទេ នេះគឺបដិវិត្តន៍ផ្នត់គំនិតហើយ ត្រូវតែធ្វើអោយបានសម្រេចជាក្តីសុខរបស់មនុស្សទាំងនគរ មនុស្សជាតិច្រើនណាស់ ការបោះបង់កិច្ចការនេះចោល គឺជាប្រមាថឈាមម្តាយដែលបានទម្លាក់កូនក្នុងបេសកកម្មនៃការជួយមនុស្ស ចិត្តប៉ងខ្លាំងណាស់ ផ្លាស់ប្តូរអោយបាន ទោះមនុស្សរាប់លានកាច់មួលបំពានប្រមាថបុករុក តែមិនចោលទេផ្លូវនៅតែទៅមុខ ព្រោះជាក្តីសុខមនុស្សទាំងនគរ។ ឱបកូនជាប់នឹងដើមទ្រូង បង្ហាញប្រាប់វាពីក្តីស្រឡាញ់អោយវាដឹងថានេះជាក្តីស្រឡាញ់ អោយវាមានទីអាងព្រោះវាមានម្តាយឪពុកដែលស្រឡាញ់វា ប៉ុន្តែកុំធ្វើជាទីអាងរហូតដល់វាឡើងចាង មានរឿងអ្វីក៏អាងឪពុកម្តាយធ្វើអោយ ក៏អាងថាឪពុកម្តាយកាន់ជើង ត្រូវប្រាប់វាថា រឿងកូនខុសទោះខុសលើអ្នកណាក៏ដោយ ប៉ាម៉ាក់ត្រូវតែរកខុសត្រូវអោយមនុស្ស បើកូនយល់ថា កូនជាកូនរបស់ប៉ាម៉ាក់ ហើយប៉ាម៉ាក់មុខតែលំអៀងមកខាងកូនតិច ឬច្រើន នោះកូនយល់ខុសធំណាស់ ប៉ាម៉ាក់ធ្វើជាទីអាងរបស់កូនតែមានអំពើអយុត្តិធម៌មកលើកូនតែប៉ុណ្ណោះ តែបើកូនអយុត្តិធម៌ទៅលើគេ ប៉ាម៉ាក់សូមប្រាប់កូនអោយហើយគឺប៉ាម៉ាក់នេះហើយជាអ្នកដាក់ទោសកូន ប៉ាម៉ាក់ធ្វើបែបនេះ ព្រោះប៉ាម៉ាក់ស្រឡាញ់កូនដោយភ្លឺស្វាង ប៉ាម៉ាក់មិនកាន់ជើងកូនដាច់ខាត វាគឺជាការរុញកូនអោយដើរផ្លូវខុស អោយកូនសំយ៉ុងក្បាលចុះក្រោម មិនមែនជាការស្រឡាញ់កូននោះទេ គឺជាការបំផ្លាញកូនដោយភាពស្រឡាញ់នៃម្តាយឪពុកងងឹតងងុល ឬម្តាយឪពុកអកត្តញ្ញូទេកូន។
ពូនៅចាំសម្តីម្តាយពូដែលនិយាយទៅកាន់មនុស្សដែលស្គាល់ គាត់ថាមិនវ៉ៃកូន កាន់ជើងកូន ខូចកូនអស់ហើយ មើលកូនអញមើលអញវ៉ៃ អញប្រាប់វាអោយដឹងខុសត្រូវ មើលកូនអញទាំងពីរមើល ហើយអញស្អប់ណាស់អ្នកណាវ៉ៃកូនមិនប្រាប់ហេតុផល ខឹងភ្លាមទាញមកដាក់ភឹង ក្មេងវាមិនដឹងអី បើមិនប្រាប់វា ម៉េចវានឹងដឹង នេះជារូបភាពនៃការអប់រំកូនដែលពូនៅចងចាំជាប់ក្នុងមនោរម្មណ៍។
គាត់ចង់វ៉ៃពូ មានពេលមួយនោះពូរត់ គាត់មិនរត់តាមទេ បណ្តោយអោយពូរត់ទៅ ប្រហែលមួយអាទិត្យក្រោយ ពូហូបបាយជាមួយនឹងគាត់រួចហើយ គាត់ទាញមែកកន្ទួតដែលបោចស្លឹកចេញរួចជាស្រេច ហើយគាត់ទាញដៃពូមកអង្គុយបត់ជើងនៅមុខគាត់ ហើយនិយាយថា ម៉ែប្រាប់កូនអោយហើយ កូនខុសទើបម៉ែវ៉ៃ កូនយល់ទេ? ហេតុអីបានកូនរត់? ម៉ែមិនរត់តាមកូនទេ តែម៉ែមិនអោយកូនរួចខ្លួនទេ បើម៉ែវ៉ៃពេលនោះមិនបាន ចាំថ្ងៃក្រោយក៏កូនរត់មិនរួចដែរ តើកូនដឹងថាខ្លួនឯងខុសទេ វាត្រូវតែវ៉ៃ ព្រោះកូនឯងខុស ថ្ងៃក្រោយកូនចង់រត់ទៀតទេ? ខុសណា គឺកូនខុសបានម៉ែវ៉ៃ។
តាំងពីថ្ងៃនោះមក ពេលប្រដៅពូ គាត់បក់ដៃ ហើយពូត្រូវចូលមកអង្គុយបត់ជើងនៅមុខគាត់ ស្តាប់គាត់ពន្យល់ពីរឿងដែលពូខុស នេះជារូបភាពដែលពូនៅតែចាំពីក្តីស្រឡាញ់ដែលភ្លឺស្វាងរបស់គាត់ចំពោះពូ ដូច្នេះហើយក្នុងមនោរម្មណ៍ពូ ពូបង្កើតបានជាគតិថា <<មនុស្សត្រូវរស់នៅក្នុងភាពតឹងតែងពីរយ៉ាងគឺតឹងតែចំពោះទង្វើអាក្រក់របស់ខ្លួនឯង និងទង្វើអាក្រក់របស់អ្នកដទៃ ហើយនិងអធ្យាស្រ័យមួយ>> មកដល់ពេលនេះពូសម្លឹងមើលទៅខាងក្រោយវិញទើបពូបានយល់ពីដំណើរដើមទងនៃជីវិតពូ និងម្តាយពូ កូនខ្លាមិនកើតចេញពីមាតាជាសត្វឈ្លូសបានទេ កូនជាព្រហ្មត្រូវតែមាតាជាព្រហ្ម មាតាត្រូវមានព្រហ្មវិហារធម៌ អោយតែមាតាមានព្រហ្មវិហារធម៌នោះ គឺគ្រោងវិញ្ញាណរបស់គាត់ជាព្រហ្មហើយ ជាមាតានៃកូនព្រហ្មជាប់រហូតដល់រាប់រយលានជាតិ រហូតដល់បានសម្រេចធម៌ដឹងថាខ្លួនជាកម្លាំងទាំងអស់គ្នា។
រូបភាពជាគម្រូដែលពូនៅចាំពីចិត្តករុណារបស់គាត់ដែលពីមុន ពូមិនជ្រះស្រឡះហ៊ាននិយាយព្រោះនឹកក្នុងចិត្តថាម្តាយគេក៏ល្អនឹងគេដូចតែម្តាយយើងដែរ ប៉ុន្តែយើងមិនបានដឹងពីសេចក្តីល្អរបស់ម្តាយគេចំពោះគេតែប៉ុណ្ណោះ តែពេលនេះពូដឹងច្បាស់ហើយថាម្តាយពូចម្លែកលើសស្រីក្នុងលោកដូចអារម្មណ៍របស់ពូមានតាំងតូចមកប្រាកដមែន គឺក្នុងមួយអាទិត្យគាត់ឈឺ កោសខ្យល់មួយដង ឬពីរដងមិនដែលខាន អ្វីដែលពូនៅចាំ តាំងពីពូនៅក្មេងអាយុ៧ ៨ឆ្នាំរហូតដល់គាត់ឡើងឈាមដើរលែងរួច គឺគាត់កំពុងតែកោសខ្យល់ មានអ្នកណាមករកពឹងអី ឬដឹងដំណឹងថាបងប្អូនសាច់ញាតិអ្នកដែលស្គាល់គ្នាមានបញ្ហាអី គាត់លើកអាវវាលក្លៀកពាក់ទាំងមិនទាន់កោសខ្យល់រួចនោះ ហើយទៅរកជួយគេភ្លាម រហូតដល់បងប្អូនគ្រប់គ្នាតំណាលថា ម៉ែរបស់ក្មួយឯងឈឺទុកបាន មិនអីទេឈឺទុកបានអញ្ចឹងនោះ កំពុងតែកោសខ្យល់ៗ ស្រាប់តែគេមកពឹងអី ឈប់កោសខ្យល់សិន ទៅជួយគេសិន ជួនកាលពីបីថ្ងៃ ឬមួយព្រឹកបានមកកោសខ្យល់ទៀត ហើយមិនមែនតិចដងទេ គឺរាប់ដងមិនអស់ទេ រហូតដល់បងប្អូនចាំ ហើយនិយាយតំណាលតៗគ្នាពីរឿងនេះ នេះគឺចិត្តករុណារបស់គាត់ ចម្លែកខុសពីមនុស្សដទៃ។
និយាយពីភាពគ្មានអញរបស់គាត់វិញ នៅជំនាន់ប៉ុល ពត មានស្រីម្នាក់ដែលគាត់ត្រូវជាប់គុក ស្រាប់តែបាត់ម៉ែ ព្រោះគាត់សម្រេចចិត្តទៅជាប់គុកជំនួសគេ ពូយំនឹកម៉ែរាល់ថ្ងៃ អស់រយៈពេលប្រហែល៦ខែ ទើបគាត់មកវិញ ឱ!ម៉ែអើយម៉ែ! តើម៉ែទៅណា? ម៉ែថាម៉ែខ្ជិលប្រាប់បងប្អូនអោយដឹង ខ្លាចគេដឹងហើយ ឃាត់ម៉ែ។ ម៉ែដឹងថា បើម៉ែទៅជាប់គុក ម៉ែស្គាល់សន្តិសុខគុកច្រើន ហើយចៅហ្វាយស្រុករងនោះជាពួកម៉ាកម៉ែ បើម៉ែទៅជាប់គុក ម៉ែអាចចេញមកវិញបាន បើបណ្តោយអោយមីមួយហ្នឹងទៅ វាមុខតែងាប់ហើយ។ អូយ!ម្ចាស់ថ្លៃអើយ! ឥឡូវទើបពូដឹងថាភាពអត់អញរបស់គាត់ដល់កម្រិតណា។
និយាយពីបញ្ញាគាត់វិញ គាត់និយាយថា អញឃើញគេរៀបការអោយកូន គេរៀបចំយ៉ាងម៉េច បើអាមួយហ្នឹង ហើយមីស្រីវាខុសគ្នាដាច់យ៉ាងនេះ ដូចយករបស់ធំទៅញ៉ុកក្នុងរបស់តូចមែនទែន ញ៉ុកវាយ៉ាងម៉េចនឹងចូល វាខំញ៉ុកអញ្ចឹងតើវាឆ្កួតឬអី ញ៉ុកវាមិនចូលទេ អញថាមិនចូលគឺមិនចូលហើយ។ មានរឿងមួយដែលអ្នកភូមិគេផ្អើលគ្រប់គ្នា ម៉ែគាត់មានប្អូនថ្លៃស្រីម្នាក់ គឺត្រូវជាប្អូនស្រីរបស់ឪពុកពូ។ នៅពេលនោះមានមនុស្សប្រុសនៅភូមិជិតគ្នា ជាមនុស្សស្អាតហើយកូនអ្នកមានពូជអំបូរហើយថែមទាំងកូនប្រុសនោះ អ្នកភូមិសរសើរថាជាកូនប្រុសល្អនិងមានរូបសម្បត្តិមកដណ្តឹងប្អូនស្រីថ្លៃគាត់។ ម៉ែប្រាប់ពូថា ឪពុកកូនឯងប្រាប់ម៉ែថាស្រេចតែលើម៉ែចាត់ចែងទេ បើម៉ែថាអោយក៏អោយទៅ បើម៉ែថាមិនអោយក៏ស្រេចតែម៉ែទៅ។ ពេលនោះម៉ែពូសម្រេចថាមិនអោយទេ អ្នកភូមិគេផ្អើលគ្រប់គ្នាថា កូនប្រុសគេល្អយ៉ាងហ្នឹងហើយ ម៉េចក៏មិនអោយនៅចាំកូនប្រុសណាល្អលើសហ្នឹងទៀត មិនងាយរកទេ។ ម៉ែឆ្លើយទៅវិញថា ព្រោះតែកូនប្រុសគេល្អហ្នឹងហើយ បានអញមិនអោយហ្នឹង វាមិនសុខនឹងគ្នាទេ។ លុះក្រោយមកមានកូនប្រុសអ្នកយ៉ាប់ក្នុងភូមិ កូនប្រុសនោះមហាសែនយ៉ាប់មកចង់បានប្អូនថ្លៃគាត់ ម៉ែថាអើ!អាហ្នឹងហើយគូវានោះ ហើយម៉ែក៏រៀបការអោយទៅ។ តើគួរអោយអស់សំណើចទេ? គូនេះនៅជាមួយគ្នារហូតដល់ជំនាន់ ប៉ុលពត ពួក ប៉ុលពត ក៏វាយកូនប្រុសហ្នឹងចោលទៅ។ នៅក្នុងជីវិតរបស់ម៉ែ ម៉ែបានផ្សំផ្គុំមនុស្សខ្ទង់ប្រហែលមួយរយគូ នៅជុំគ្នារហូតមកដល់សព្វថ្ងៃ មិនមានគូណាដែលបែកគ្នាសោះឡើយ ម៉ែថាអញចាប់គូមិនលើសមិនខ្វះទេ ហើយរឿងចាប់គូនេះផ្អើលអ្នកស្រុកភូមិគាត់ គឺគាត់ពូកែចាប់គូជាងគេបំផុតរហូតដល់គេចំណាំគាត់ពីរឿងនេះ។ ចាំថ្ងៃក្រោយ ពូនិយាយបន្ថែមពីរឿងចម្លែកៗរបស់ជីវិតអ្នកម្តាយពូ ពេលនេះអ្វីជាចម្ងល់ ពូបានបកស្រាយអស់ហើយ ពេលពូបានដឹងថាគាត់ជានរណា ពេលនេះគាត់កំពុងតែនៅទីណា ហើយកំពុងជួយពូក្នុងកិច្ចការអ្វី អញ្ចឹងតើបានជាពេលពូធុញទ្រាន់នឹងចរិតរបស់ប្រជាពលរដ្ឋខ្មែរ ពូអស់កម្លាំងចិត្ត ចិត្តចង់ដេកស្ងៀមអោយរលត់ទៅ តែពូចេះតែមានអារម្មណ៍ថាធ្វើអញ្ចឹងមិនកើតទេ ខុសឆ្គងនឹងម្តាយណាស់។
នៅមានរឿងមួយទៀតដែលត្រូវបង្ហាត់កូន ការខ្លាចកូនលំបាក ចេះតែអត់អោនអោយកូនក្នុងកិច្ចការលំបាក រឿងវាត្រូវធ្វើខ្លួនវាបានសោះ ចេះតែលើកលែងអោយវា ហើយរំលងទៅៗជារហូតដល់បានជាទម្លាប់សម្រាប់ជីវិតកូន នេះគឺជាការខុសឆ្គងមួយធំណាស់។ ពូគិតពីខ្លួនពូ ពូនិយាយប្រាប់ក្មួយៗថា អារម្មណ៍ថាខ្លួនជាក្មេងគឺគ្មានទេនៅក្នុងជីវិតពូ ទីបំផុតពូបានមកជាមនុស្សចេះពិចារណាបែបហ្នឹង ពូហាក់ភ្លេចអស់រលីងថាអារម្មណ៍ជាក្មេងនោះវាយ៉ាងម៉េច គឺពូចេះតែគិតអារម្មណ៍ដែលមកនៅក្នុងចិត្តពូមុនគេ គឺជីវិតតែប៉ុណ្ណឹងទេឬ? ជីវិតតែពីថ្ងៃកើតដល់មកថ្ងៃស្លាប់តែប៉ុណ្ណឹងទេឬ? បើបែបនេះគឺជីវិតអត់សប្បាយទេ ឃើញតែស្លាប់ ឃើញតែព្រាត់ប្រាស់ ឃើញតែអត់បានការ មានស្អីក៏អត់បានការ រស់យូរ រស់ឆាប់ ងាប់ទៅគឺអត់ដឹង ដូច្នេះអ្នកមានអ្វីកាលនៅរស់ដើរលែងសប្បាយដល់ណាក៏អត់ចាំនេះហើយគឺជាអារម្មណ៍ដែលពូមិនពុលនឹងលោកធម៌ទាល់តែសោះ។ កាលនៅពីតូច ពូធ្លាប់តែសួរម៉ែពូថា តើម៉ែស្លាប់ឬទេ? ម៉ែពូឆ្លើយថាម៉ែក៏ស្លាប់ដែរ។ ពូក៏សួរទៀតថាតើម៉ែទៅចាំខ្ញុំនៅឯងណា? ម៉ែឆ្លើយថា ម៉ែក៏មិនដឹងដែរ។ ពេលនោះពូក៏ដេកយំនៅក្បែរម៉ែទល់ភ្លឺ។ ពូមានអារម្មណ៍ថា ពូចាស់តាំងពីកាលហ្នុងមក ដូច្នេះហើយការជួយធ្វើកិច្ចការព្រោះចង់អោយម៉ែស្រណុកក៏មានតាំងពីនៅក្មេងរហូតមក។ ឥលូវពូដឹងហើយ អារម្មណ៍ដែលមានថាជីវិតគឺមានតែពេលកើតរហូតទៅដល់ពេលស្លាប់ប៉ុណ្ណេះនេះ គឺជាជីវិតអត់បានការអ្វីទាំងអស់ អត់គួរអោយលែងទេ ហើយបន្ថែមលើជីវិតអត់ន័យនេះ គឺពេលនៅរស់ ពួកមនុស្សខូចជិះជាន់ធ្វើបាបសព្វគ្រប់ទៀត ជារឿងឈឺចាប់ជាន់លើឈឺចាប់ត្រូវបានដោះស្រាយហើយ ជាបញ្ហាក្នុងអារម្មណ៍ដែលទទួលបានតាំងពីតូចមកដល់អាយុជាង៥០ឆ្នាំ ទើបបានអាចដោះស្រាយបញ្ហាក្នុងផ្លូវចិត្តនេះបាន។ ពូសើចសប្បាយ ហើយសប្បាយទៀត ហើយសប្បាយទៀតក្នុងផ្លូវអារម្មណ៍ខ្លាំងណាស់ គិតថាអញ្ចឹងបានយុត្តិធម៌។ ពូធ្លាប់មានអារម្មណ៍ថាធម្មជាតិនេះអយុត្តិធម៌ណាស់ជំនួសមកវិញដោយអារម្មណ៍ថាធម្មជាតិនេះយុត្តិធម៌ណាស់ ពូរកឃើញហើយ ទឹកដីដ៏ស្រស់ស្អាតសម្រាប់ជីវិតមនុស្សដែលពូចង់អោយពួកគេបានសុខក្រោយពីពូបិទភ្នែកលាពួកគេទៅ។ ពេលប៉ាបិទភ្នែកលាកូនគ្រប់ប្រាណ កូនត្រូវតែមានទីឋានរស់ដោយសុខសាន្តជួបជុំបងប្អូន ជាទីកកក់ក្តៅ ជាលំនៅដល់រូបកូន ជាជម្រកដ៏មាំមួននៃគ្រប់រូបកូនមុនប៉ាលាអ្នក។ នេះគឺជាសមិទ្ធផលនៃការអប់រំអោយកូនចេះស្គាល់ទុក្ខលំបាក តស៊ូប្រឆាំងនឹងទុក្ខលំបាកដែលម្តាយឪពុកច្រើនណាស់បានមើលរំលងចំណុចនេះ។ ម្តាយឪពុកច្រើនណាស់ចង់អោយកូនស្រួលព្រោះស្រឡាញ់កូនប៉ុន្តែគេមិនដឹងថាការសាងបេះដូងកូនអោយក្លាយទៅជាជម្រករបស់មនុស្សផងគ្នាគឺជាការផ្តល់សេចក្តីសុខពិតប្រាកដ គឺជាការស្រឡាញ់កូនពិតប្រាកដ គឺជាការស្រឡាញ់កូនដោយភាពភ្លឺស្វាង។ ទឹកចិត្តដែលលះបង់អោយទៅមនុស្សដ៏មានតម្លៃច្រើនៗក្នុងកម្រិតណា ភាពផ្អែមល្ហែមនៅក្នុងជម្រៅចិត្តរបស់បុត្រាបុត្រីក៏មានកម្រិតនោះដែរ។ ជីវិតដែលតស៊ូលះបង់គ្រប់យ៉ាង ទោះហែលឆ្លងសាគរក៏ដោយដើម្បីបម្រើមនោសញ្ចេតនារបស់ខ្លួនដែលមានចំពោះមនុស្សជាទីស្រឡាញ់របស់ខ្លួនគឺផ្អែមល្អែមខ្លាំងណាស់ មិនដូចបេះដូងបុត្រាបុត្រីដែលម្តាយឪពុកទម្រើសខ្លាចកូនហត់ គឺជាបេះដូងក្រៀមស្វិតកំប៉ិត គ្មានជាតិជៅអ្វីបន្តិចទេ ហើយចិត្តដ៏ស្មោកគ្រោកនេះមិនអាចយោងកំណើតក្នុងទីខ្ពស់បានឡើយ មានតែបេះដូងផ្អែមល្អែមមនោសញ្ចេតនាកប់ជ្រៅ មើលតែកន្ទុយភ្នែកយល់ដល់ជម្រៅចិត្ត យល់ដល់ទុក្ខសោក សេចក្តីត្រូវការរបស់មនុស្សទេទើបបេះដូងអ្នកនោះអាចសាងជាសត្វក្នុងសុគតិភពដ៏ខ្ពស់ដោយជម្រៅបេះដូងដ៏ផ្អែមល្ហែមនេះ។ បេះដូងដែលចង់ជួយសង្គ្រោះមនុស្សកម្រិតណា បញ្ញាដែលគិតគូរដើម្បីដោះស្រាយបញ្ហាទុក្ខសោករបស់មនុស្សក៏កើនឡើងៗកម្រិតនោះដែរ នេះគឺជាការអោយបញ្ញាដល់បុត្រប្រុសស្រីនៃមាតាបិតាកត្តញ្ញូទាំងឡាយ។
សរុបមកវិញ ពូចង់បង្ហាញប្រាប់ក្មួយៗថា ក្នុងការអប់រំកូនៗ ភាពជាគម្រូសំខាន់ណាស់មិនអាចខ្វះបានឡើយ បង្រៀនកូនអោយអាត្មានិយមគឺបង្រៀនកូនអោយរមិលគុណខ្លួន វាអាត្មានិយមរហូតដល់ម៉ែឪវាក៏វាថ្លឹងថាមានតម្លៃមិនស្មើនឹងខ្លួនវា រួមទាំងកូនប្រពន្ធវាផង ហើយគឺជាកំហុសម្តាយឪពុកដែលបង្រៀនអោយកូនអាត្មានិយមនេះព្រោះផ្លូវជីវិតគឺនៅវែងឆ្ងាយណាស់ ភាពអាត្មានិយមគឺបំផ្លាញខ្លួនឯង គឺបំផ្លាញកូនដោយក្តីស្រឡាញ់ល្ងិតល្ងង់របស់ម្តាយឪពុក។ សូមក្មួយៗយល់ផ្លូវត្រូវរបស់ជីវិត ឬយល់ធម៌សម្រាប់ជាប្រយោជន៍របស់ក្មួយៗ និងមនុស្សជាស្រឡាញ់របស់ក្មួយៗទៅចុះ៕

No comments