News

ថ្មីៗ

ឈានជាអ្វីទៅ?




ឈានគឺគ្រោងវិញ្ញាណពីរនៅគ្របលើចិត្តតែមួយ ស្លាប់ពីអត្ថិភាពជាមនុស្សទៅ អត់ត្រូវការពេល៧ខណៈដើម្បីចាប់ភពជាសត្វនៅក្នុងអត្ថិភាពជាសត្វអី្វទេ គឺចិត្តសត្វមានគ្រោងវិញ្ញាណរួចហើយ ស្លាប់ពីមនុស្សទៅគឺទៅជាសត្វតាមឈានរបស់ខ្លួនមាននោះតែម្តង។ ចិត្តនៅសម្ងំក្នុងគ្រោងវិញ្ញាណ។ ចិត្តដឹងពិភពលោកខាងក្រៅតាមរយៈគ្រោងវិញ្ញាណ។ គ្រោងវិញ្ញាណរបស់សត្វមនុស្សធ្វើពីកម្លាំងនៃធាតុដីទឹកភ្លើងនិងខ្យល់ ហើយមានទ្វារវិញ្ញាណប្រាំមួយអោយចិត្តសត្វដឹងពិភពលោកខាងក្រៅរបស់វា។ ក្រៅពីសត្វមនុស្សនិងតិរិច្ឆាន សត្វសោយមានគ្រោងវិញ្ញាណធ្វើពីកំលាំង ឬធ្វើមិនគ្រាប់នៃកម្លាំងធាតុទាំងបួន សម្លាប់មិនងាប់ព្រោះកាប់មិនត្រូវ ស៊ីមិនបានដូច្នេះបានជាចិត្តពួកសត្វដែលនៅក្នុងថ្នាក់មនុស្ស យើងមើលឃើញថាចង់បានហើយ ចង់បានទៀត ចេះតែស្រេកឃ្លាន ចង់បានមិនឈប់ នេះដឹងតាមគ្រោងវិញ្ញាណសំបកកាយមនុស្សដែលដឹងជាប់គាំងផង វាឃ្លានប៉ុណ្ណឹង ដល់ពេលគ្រោងវិញ្ញាណមិនមែនធ្វើពីកម្លាំងធាតុគ្រប់ដូចមនុស្ស សភាពចិត្តនោះថាឃ្លានអើយសែនឃ្លាន ប្រកាប់ប្រចាក់គ្នាដោយចិត្តឃ្លានស៊ីមិនបានេះ អញ្ចឹងហើយបានជាចិត្តប្រេតឃ្លានណាស់។ សត្វក្នុងឋានប្រេតគិតតែឃ្លាននោះឃ្លានព្រោះជាសត្វសោយឃ្លាន ឃ្លានមិនងាប់ ឃ្លានមួយអស់កម្ម ហើយសភាពចិត្តឃ្លាននេះខុសប្លែកគ្នាបន្តិចៗ វាក៏ទៅជាសត្វប្រេតក្នុងថ្នាក់ឃ្លានផ្សេងៗហ្នុងទៅ។ ដល់សត្វនរកជាសត្វច្រណែន ឈ្នានីស គំនុំ ព្យាបាទ ក្តៅក្នុងចិត្តខ្លាំងណាស់ នៅក្នុងសភាពជាមនុស្ស យើងឃើញមនុស្សដែលមានធម៌ច្រណែន ឈ្នានីស គំនំ ព្យាបាទ ចិត្តអាក្រក់ជាប់គាំងក្នុងសំបកកាយជាមនុស្ស យើងដឹងថាចិត្តក្តៅរបស់ពួកគេក្នុងសភាពជាមនុស្សមិនល្អប៉ុណ្ណឹង ប៉ុន្តែចេញផុតរូបកាយជាមនុស្ស គ្រោងវិញ្ញាណថ្មីដឹងសភាពក្តៅក្រហល់ក្រហាយនោះខ្លាំងណាស់ ហើយគ្រោងវិញ្ញាណហ្នឹង មានវិញ្ញាណដឹងហើយស្ថិតនៅក្នុងដែនកម្លាំងធាតុភ្លើង តើវាក្តៅប៉ុនណា? ក្តៅតែកាប់គ្នាមិនត្រូវ ដល់ពេលកាប់ត្រូវមិនងាប់ ក្តៅជាន់លើក្តៅ ក្តៅអើយសែនក្តៅ ក្តៅមួយអស់កម្ម អស់រាប់លានឆ្នាំ ចិត្តក្តៅនេះមានសភាពខុសគ្នាតិចៗ វាក៏ក្លាយទៅជាសត្វនរកក្នុងថ្នាក់ចិត្តខុសគ្នាតិចៗរបស់វាហ្នុងទៅ។ អ្នកស្រមៃគិតមើលទៅ នេះជាចិត្តនរក ហើយចិត្តនេះក៏មកលួចសម្ងំនៅក្នុងគ្រោងវិញ្ញាណជាមនុស្សដែរ អញ្ចឹងហើយបានជាមនុស្សដែលមានចិត្តសត្វនរកអាក្រក់ខ្លាំងណាស់។ យើងមើលឃើញស្រាប់ហើយនៅក្នុងជីវិតរស់នៅសព្វថ្ងៃរបស់យើង តើមនុស្សមានចិត្តនរកនេះអាក្រក់ប៉ុនណាទៅ? រៀនស្រមៃតាមទ្វារមនោរបស់អ្នក នឹកឃើញដល់ពេលសត្វនេះក្លាយទៅជាសត្វនរក រស់នៅជុំគ្នាក្នុងថ្នាក់ចិត្តតែមួយ តើចិត្តនេះវាសាហាវប៉ុនណាទៅ? រស់ក្នុងដែនកម្លាំងធាតុភ្លើងណា ក្តៅណាស់ អញ្ចឹងហើយបានមកជាមនុស្សចិត្តនរកអាក្រក់ខ្លាំងណាស់ហើយមិនខ្វះទេមនុស្សសម័យកម្លាំងរមូរខ្លាំងនេះ ចិត្តសត្វក្នុងថ្នាក់នរក ខំធ្វើបុណ្យបែបពិធីសាសនាហ្នឹងទៅ បានទៅសោយសុខនៅឋានសួគ៌ហ្នុងហើយ គឺសួគ៌ក្នុងដែនកម្លាំងធាតុភ្លើងហ្នុងហើយ នេះហើយដែលថាមិនស្គាល់បុណ្យបាបនោះ។ ចំណែកសត្វដែលសម្ងំសុខយករួចតែខ្លួន កាន់សីលយករួចតែខ្លួន ធ្វើបុណ្យដាក់ទាន យករួចតែខ្លួន ក្មួយស្រមៃមើលចុះ ចិត្តនេះនឹងក្លាយទៅជាចិត្តសត្វក្នុងថ្នាក់ណា បើគ្មានធម៌អាក្រក់ ច្រណែន ឈ្នានីស គំនុំ ព្យាបាទ នោះកុសលដែលគាត់បានសាងវាក្លាយទៅជាទេវតាជំនាងផ្ទះ ទេវតាតាមដើមឈើព្រៃ មិនក្តៅពិបាកទ្រាំដូចសត្វទុគ្គតិភពទេ ហើយក៏មិនពិបាករកស៊ីអ្វីដែរ ប៉ុន្តែនៅសម្ងំសោយតែសុខហ្នឹងទៅ ព្រោះជាចិត្តដែលមានសន្តានសម្ងំយករួចតែខ្លួន ចិត្តខ្លួនបានសុខបែបហ្នឹងហើយដូច្នេះវាត្រូវតែជាចិត្តយោងកំណើតក្នុងថ្នាក់សត្វប៉ុណ្ណេះហើយដែលវាទៅតាមធម្មជាតិចិត្តរបស់ខ្លួន។ ពេលផ្ទុះផែនដីឆេះឋានទេវតាខ្ពស់ទាបទាំងអស់ អោយវាស្រឡះទៅមនុស្សពូកែសម្ងំយកសុខពេក ពូនិយាយថាសម្ងំយកទៅ បន្តិចទៀតឆេះដល់ជណ្តើរផ្ទះយាយតាដែលសម្ងំសុខឯងហើយ។ ចិត្តប្រភេទនេះមិនមែនជាចិត្តសត្វក្នុងថ្នាក់ខ្ពស់ ជាចិត្តរបស់សត្វដែលគួរអោយគោរពនោះទេ។ ពូស្រមៃចិត្តរបស់មនុស្សប្រភេទនេះ ដូចកង្កែបពាក់គ្នាស្រួលសម្ងំធ្វើភ្នែកមីៗព្រោះក្នុងអារម្មណ៍ខ្លួនសម្ងំសុខស្រួលពេក ជាឋានទេវតាសោយកាម គឺជាចិត្តមនុស្សល្អតែសម្ងំយកតែសុខហ្នឹងឯង ។ វាត្រូវតែមានសភាពតាមហ្នឹង វាមានសភាពតាមបែបចិត្តវាហ្នឹងបានវាត្រូវ ឬបានវាយុត្តិធម៌ ក្មួយៗយល់ទេ? ចំណែកសត្វក្នុងថ្នាក់ខ្ពស់ សប្បាយតែហ្នឹងជួយ សប្បាយតែហ្នឹងសង្គ្រោះ ចិត្តមានបញ្ញាអាចមើលយល់ចិត្តមនុស្ស អាចសម្គាល់ចិត្តអ្នកដទៃបានតាមសកម្មភាពផ្សេងៗ ជួយមនុស្សចេះមើលតម្លៃ ហើយមិនដែលមានចិត្តចង់បានបុណ្យអ្វីទេពីការជួយរបស់ខ្លួន សប្បាយក្នុងការអោយ សប្បាយក្នុងការសង្រ្គោះ ជាចិត្តអ្នករក្សាលោក សីលមិនមែនព្រោះតែខ្លាចបាបទេគឺព្រោះតែអាណិត ព្រោះតែគិតថាមិនសម មិនធ្វើតែម្តង ព្រោះចិត្តនេះមានប្រក្រីតីទៅដោយសីលទៅហើយ មិនមែនរៀនកាន់សីលដូចក្មេងចេះដើរតិះតះនោះទេ គឺចិត្តតាំងមាំនៅលើសីលដូចមនុស្សស្ទាត់ជំនាញដើរលើខ្សែពួរទៅហើយ រត់ក៏មិនធ្លាក់ដែរ ចិត្តមានឥស្សរភាពណាស់ព្រោះដឹងច្បាស់ថាខ្លួនមិនបានធ្វើអ្វីខុសទេ។ គេជេរ គេថាទាំងនគរក៏ថាទៅ មិនជាប់លោកធម៌អីទេ អោយតែដឹងថាខ្លួនធ្វើត្រូវ គឺត្រូវតែធ្វើហើយ មិនបានធ្វើមិនអស់ចិត្តទេ នៅមិនសុខទេ បានធ្វើរឿងត្រូវបានចិត្តបានសុខ ហើយមនុស្សមានចិត្តតូចសម្ងំយកតែសុខមកថាអោយយើងថា ខ្ញុំឆ្ងល់ណាស់ម៉េចចូលចិត្តយករឿងគេមកដាក់ខ្លួនម្លេះ? ម៉េចចូលចិត្តយករឿងលំបាកមកដាក់ក្នុងខ្លួនម្លេះ? បើធ្ងន់ទម្លាក់ចោលខ្លះទៅ កុំឈ្លោះ កុំឆ្លើយ កុំឆ្លងទើបវាឆាប់ចប់រឿង។ ចិត្តសត្វក្នុងថ្នាក់ខ្ពស់វាទាល់តែបានធ្វើរឿងលំបាករបស់គេអញ្ចឹងទើបវាបានសុខ នេះជាចិត្តអ្នករក្សាលោក។ ពូធ្លាប់និយាយថាអ្វីដែលមនុស្សប្រាថ្នាជាការសប្បាយ ជាសុភមង្គលរបស់មនុស្សទូទៅបច្ចុប្បន្នគឺមានឡាន មានវីឡា មានកិត្តិយស ទៅណាគេស្គាល់ច្រើន ចិត្តរបស់គេសប្បាយណាស់ តែចិត្តពូវិញឃើញហើយធុញនឹកក្នុងចិត្តថា បើអញមានអ្វីៗដូចគេហ្នឹង អញខ្ជិលណាស់ អញងាប់ហើយ ព្រឹកក៏អញ្ចឹង ល្ងាចក៏អញ្ចឹង ពូនឹកគិតថាម៉េចក៏គេមិនធុញហ្ន៎! ចិត្តពូមានអារម្មណ៍ថា មានតែជីវិតដែលយកមកប្រឈមនឹងឧបសគ្គគ្រប់បែបយ៉ាងដើម្បីបម្រើមនោសញ្ចេតនាដែលខ្លួនមានចំពោះគេទេ ដែលជីវិតបានទទួលនូវរស់ផ្អែមល្ហែមនៃជីវិត ជាចិត្តសត្វអ្នករក្សាលោក។ ពេលចេញធ្វើការកែផ្នត់គំនិតមនុស្ស ផ្តល់មូលដ្ឋានពិចារណាអោយមនុស្សដែលតាំងពីយូរលង់មកដល់សព្វថ្ងៃនេះមិនដែលមានឡើយ។ ពូជួបឧបសគ្គក្នុងដំណើរសង្រ្គោះនេះច្រើនរាប់មិនអស់ ពូមានអារម្មណ៍ដៃម្ខាងអោយបកូនផ្អិបនឹងដើមទ្រូង ដៃម្ខាងទៀតកាន់ដាវដ៏មានផ្លែស្តើងមុតកាប់ប្រហារពួកមនុស្សខូចដែលចង់មកយារយីសេចក្តីរបស់កូន។ ពូនិយាយលេងប្រាប់ក្មេងៗថា ព្រះពុទ្ធត្រូវត្រាស់ដឹងតាំងពីជួបព្រះពុទ្ធទីបង្ករម្លេះ តែព្រះអង្គអាណិតសត្វពេក ក៏មានបំណងនៅត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធមួយព្រះអង្គគឺដើម្បីប្រោសសត្វលោកទាំងអស់ តែពូវិញមិនទាន់ចង់ត្រាស់ដឹងនៅកប្បនេះទេ ព្រោះនៅប្រឆាំងជាមួយហ្វូងពួកអាខូចសិន តែចិត្តពូគ្មានគំនុំ ពួកខូចដែលពូស្អប់ដល់ឆ្អឹងហ្នឹងក៏ដោយ បើគេដឹងកំហុស ហើយពូស្ទង់មើលតាមទ្វារមនោដឹងថា គឺជាការដឹងកំហុសពិតប្រាកដ ចិត្តពូអាណិតភ្លាម ហើយហាមគេមិនអោយនិយាយរំលឹកពីទោសកំហុសរបស់អ្នកនោះអោយគ្នាអៀន និងឈឺចាប់បន្តទៅទៀតទេ។
ពូសូមរៀបរាប់ដោយសង្ខេបប៉ុណ្ណេះ តើក្មួយៗមានតម្រុយក្នុងការពង្រីកការយល់ដឹងរបស់ក្មួយអោយធំទូលាយទេ? ជាការបង្កើនបញ្ញាអោយចិត្តរបស់ក្មួយហើយដើម្បីជាប្រយោជន៍របស់ចិត្តក្មួយក្នុងដំណើរភ្លឺស្វាងទៅមុខទៀតទេ?
ពូសូមនិយាយរឿងមួយទៀតៈ អភព្វោ បុគ្គលោ បុគ្គលដែលចាត់ទុកថាជាបុគ្គលអភព្វទាំងឡាយសុទ្ធតែស្ថិតក្នុងអកតញ្ញូជនទាំងអស់ ជាអ្នកប្រទូស្តរាយនឹងគុណមានសភាពទៀងក្នុងអាការ:សំយ៉ុងក្បាលចុះ ជានិយត:ជនជាជនទៀងនឹងទៅកាន់ទុគ្គតិភព បុគ្គលសម្លាប់មាតាបិតា សម្លាប់ព្រះអរិយបុគ្គល ញ៉ាំងលោហិតព្រះតថាគតអោយពុះពោរ និងបុគ្គលបំបែកសង្ឃ អភព្វបុគ្គលទាំងអស់គឺសុទ្ធសឹងតែជាអ្នកប្រទូស្តរាយគុណ នេះជាអភព្វបុគ្គល គ្មានកុសលកម្មណាអាចហាមឃាត់នូវអភព្វបុគ្គលមិនអោយដាំក្បាលចុះក្រោមបានឡើយ ។ ត្រូវតែចាប់សញ្ញាអោយបានបុគ្គលប្រទុស្តគុណទាំងឡាយគឺអភព្វបុគ្គលដែលព្រះពុទ្ធបានត្រាស់សម្ដែងទុក ចូរជាអ្នកស្គាល់គុណ ជាអ្នកស្គាល់គុណគឺជាជនមានភព្វមានសំណាង។ ហេតុអ្វីប្រទុស្តគុណបុគ្គលមានគុណខ្លាំងអោយផលអាក្រក់ធំម្លេះ? ក្មួយៗត្រូវយល់ពីសភាពកម្លាំង អ្វីៗទាំងអស់ក្នុងពិភពលោកនេះកើតមកពីកម្លាំង។ មនុស្សតាមសភាពដែលមនុស្សមើលឃើញដឹងបានដោយអវិជ្ជារបស់ខ្លួនគឺទម្ងន់៥០ ៦០ ៧០ ៨០គីឡូដូចៗគ្នា តែសភាពដែលមនុស្សមិនដឹងកម្លាំងដែលបង្កើតចិត្តមនុស្សនោះមានសភាពខ្លាំងខុសគ្នាបែបណានោះទេ ចិត្តអ្នកខ្លះបង្កើតពីកម្លាំងខុសពីចិត្តអ្នកផ្សេងទៀតឆ្ងាយៗៗៗខ្លាំងណាស់។ ប្រទុស្តនឹងកំលាំងធំជាធម្មជាតិត្រូវតែគ្រោះថ្នាក់ធំអីចឹងហើយ។ ពូឃើញពន្លឺចេញពីប្រជុំចិញ្ចើមពូពណ៌ខៀវហើយច្បាស់ខ្លាំងណាស់ ពូដឹងថាជាកំលាំងវិលជក់ខ្លាំងណាស់ទើបចេញពនឺ្លខ្លាំងយ៉ាងហ្នឹងដូច្នេះកំលាំងវិលក្នុងចិត្តពូគឺខ្លាំងណាស់ នេះជាកម្លាំងដែលបង្កើតនូវបញ្ញា គឺកម្លាំងដែលបង្កើតពន្លឺ។ នូវកម្លាំងធាតុទឹកដែលបង្កើតចិត្តករុណារបស់ពូទៀត តើកំលាំងវាខ្លាំងប៉ុនណាទៅ? វាមានដែនធំប៉ុនណា បង្កើតជាចិត្តមនុស្សដែលជាប់គាំងក្នុងរូបកាយ អោយគិតដល់គេកម្រិតនោះដែរ ពូនិយាយហើយថាចិត្តពូមិនដែលប្រកាន់ពូជសាសន៍ទេ ឃើញមនុស្សណាក៏មានទុក្ខ។ ចិត្តពូចូលក្នុងដែននៃកំលាំងធាតុត្រជាក់ជ្រៅណាស់ហើយ ពេលមានអ្នកណាមកប្រទុស្តនឹងដែនកំលាំងធាតុល្អដែលខ្លាំងបែបនេះ ជាធម្មជាតិវាត្រូវតែខ្ទាតឆ្ងាយពីដែនធាតុល្អគឺដែនកម្លាំងធាតុត្រជាក់ដោយខ្ទាតចូលជ្រៅទៅក្នុងដែននៃកម្លាំងធាតុក្តៅអីចឹងហើយ។
សូមក្មួយៗរីករាយនឹងជីវិតយល់ត្រូវ ឬជីវិតយល់ធម៌ ឬចិត្តដែលយល់ និងស្គាល់ផ្លូវដែលចិត្តដើររបស់ក្មួយៗផងទៅចុះ៕


ការយល់ឃើញ :  Khem Veasna



No comments